វិស័យសំណង់កម្ពុជា ទាក់ទាញការវិនិយោគជាង ២,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២

សង្គម​និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍ផ្លូវការមួយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ជូនអាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ៣ ៨២៧ គម្រោង ជាមួយនឹងទុនវិនិយោគសរុបចំនួន ២,៦៣ ពាន់លានដុល្លារ សម្រាប់រយ:ពេល ១១ ខែដំបូងឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មានចិន Xinhua បានបង្ហាញឱ្យដឹងទៀតថា វិនិយោគិនបរទេសសំខាន់ ដែលបានមកធ្វើការវិនិយោគនៅក្នុងវិស័យសំណង់ និងចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ។

លើសពីនេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិកានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា បានមានប្រសាសន៍ថា ៖ ” ក្នុងរយ:ពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានការកើនឡើងជាលំដាប់ ហើយក៏និងបន្តកើនឡើងថែមទៀត ជាពិសេសក្នុងការសាងសង់អគារខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុគោលបំណង សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម ” ។

គួរឱ្យដឹងថាវិស័យសំណង់ គឺជាសសរស្តម្ភដ៏ធំមួយ ក្នុងចំណោមវិស័យសំខាន់ៗទាំងបួន ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រៅពីការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ និងកសិកម្ម ។

បើតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទៀតថា បច្ចុប្បន្ននេះ កម្ពុជាមានអគារខ្ពស់ៗចំនួន ២ ៥៣៤ (ចន្លោះពី ៥ ទៅ ៤០ ជាន់) ដែលភាគច្រើនជាអគារលំនៅដ្ឋាន ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ។

ទន្ទឹមនឹងនេះ ក្រសួងបានបន្តទៀតថា មានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនរចនាគេហដ្ឋានប្រមាណ ១ ១៨៤ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស ៕