សម្តេចក្រឡាហោម ស ខេង ប្រកាសផ្លូវការពីការដកកម្ពុជាចេញបញ្ជីប្រផេះក្រុមប្រទេសមានហានិភ័យលាងលុយកខ្វក់

សង្គម​និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដល់ជនរួមជាតិអំពីការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យលាងលុយកខ្វក់របស់អង្គការ FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួន សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងនាម គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ(គ.ស.ហ)ខ្ញុំសូមប្រកាសជម្រាបជូនថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ (FATF) បានបង្ហាញព័ត៌មានជាផ្លូវការលើគេហទំព័រ (Website) របស់ខ្លួនដោយបញ្ជាក់ថាកម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ FATF មានខ្លឹមសារបកប្រែក្រៅផ្លូវការជាភាសារខ្មែរ យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យកំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្រ្ត នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង និង ការសម្អាតប្រាក់ ទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗ ដែលស្ថិតនៅក្រោមកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និង នីហ្សេរីយ៉ា ខណៈប្រទេសកម្ពុជា និង ម៉ារ៉ុក លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

សម្ដេចក្រឡាហោម ស ខេង និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ទោះបីទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះ តែត្រូវក្រើនរំលឹកមិនឲ្យបណ្ដាស្ថាប័នពាក់ព័ន្ធភ្លេចខ្លួន ហើយបោះបង់ចោលកិច្ចប្រតិបត្តិការរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ត្រូវតែខិតខំប្រឹងប្រែង ដើម្បីប្រមូលយន្ដការដែលមានការពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្ដការពារឲ្យបានដាច់ខាតដែលកម្ពុជាខិតខំប្រឹងប្រែងសម្រេចបាននេះ។

សូមជម្រាបជូនថា កម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ ដូចជា ស្ថាប័នអន្តរជាតិ២ ៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរី៕