ក្រសួងពាណិជ្ជកម្ម ចង់ឲ្យ​វិស័យឯកជន​ប៉ាគីស្ថាន ​វិនិ​​យោគ​​​​ក្នុង​ឧ​ស្សាហកម្មកែច្នៃម្ហូបអាហា​រ​នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Mr. Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ លោក​រដ្ឋមន្រ្តី​ ចង់ឲ្យ​ឯក​​អគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ជួយ​​ជំរុញវិស័យឯកជនពីប្រទេសប៉ាគីស្ថាន មកស្វែងយល់​ពីឱកាស​អាជី​វកម្មនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល(Halal) ដើម្បីបម្រើទី​​ផ្សារក្នុង​ស្រុក និង នាំចេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ បានលើកឡើងបន្តថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា ប៉ាគីស្ថាន មានទំហំតិចតួចនៅឡើយ ប៉ុន្តែ​ប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើន ដើម្បីធ្វើឱ្យរីកចម្រើនទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។ជាពិសេសចង់ឱ្យមានជើងហោះហើរត្រង់ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៃ​ប្រទេស​ទាំងពីរ។

ជាការឆ្លើយតប លោក Zaheeruddin Babar Thaheem បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេស​ទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនោះ លោក បានឱ្យដឹងថា ប៉ាគីស្ថានមានវិស័យ​សក្តានុ​​ពល​មួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូង​យ៉ាងច្រើនពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។ បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាព​ផ្តល់​​ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ។

ជាមួយគ្នានោះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភា​ពាណិ​ជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ព្រមទាំង​​ប្តេជ្ញាចិត្តបន្តកិច្ច​សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេស​ទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ ស៊ីណាត