ជប៉ុនកម្ទេចចោលផលិតផលវៀតណាមចំនួន ២ប្រភេទ ដោយហេតុមានផ្ទុកសារធាតុគីមីលើសកម្រិតស្តង់ដារ

អន្តរជាតិ

ផលិតផលទុរេន និងម្ទេសរបស់វៀតណាមជាងប្រាំតោន ត្រូវបានបំផ្លាញនៅក្នុងប្រទេសជប៉ុនកាលពីខែតុលា ដោយសារផលិតផលទាំងនោះមានផ្ទុកសារធាតុគីមីលើសកម្រិតស្តង់ដាររបស់ប្រទេសជប៉ុន។ នេះបើតាមប្រភពសារព័ត៌មាន VNExpress បានចុះផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនវៀតណាមកាលពីថ្ងៃទី៥ ខែតុលា បាននាំចេញទុរេនចំនួន ១,៤ តោនទៅកាន់ប្រទេសជប៉ុន ក៏ប៉ុន្តែវាត្រូវបានគេរកឃើញថា ទុរេនទាំងនោះមានផ្ទុកសារធាតុគីមី Procymidone ក្នុងកំហាប់ ០,០៣ ឯកតា ខណៈដែលម្ទេសប្រមាណ ៤ តោនមានផ្ទុកសារធាតុ Tricyclazole ក្នុងកំហាប់ ០,០២ ឯកតា និងសារធាតុគីមី Hexaconazole មានកំហាប់ ០,០៣ ឯកតា ដែលជាចំនួនមួយលើសពីការកំណត់ស្តង់ដាររបស់ជប៉ុនត្រឹមកំហាប់ ០,០១ ឯកតាប៉ុណ្ណោះ។

សារធាតុ Procymidone ត្រូវបានគេប្រើប្រាស់យ៉ាងសកម្មក្នុងការកំចាត់រុក្ខជាតិដែលមិនមានប្រយោជន៍នៅក្នុងចំការ។ មួយវិញទៀត សារធាតុ Tricyclazole ប្រើប្រាស់ឡើងដើម្បីកម្ចាត់ផ្សិត ហើយប្រភេទ hexaconazole វិញត្រូវបានគេប្រើដើម្បីការពារជំងឺផ្សិត និងជំងឺផ្សេងៗទៀត។

ក្នុងនោះដែរ លោក Do Van Dung ប្រធានមហាវិទ្យាល័យសុខភាពសហគមន៍ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុងហូជីមិញ បាននិយាយថា ថ្នាំគីមីទាំងបីប្រភេទនេះ ត្រូវបានអនុម័តប្រើប្រាស់ដោយស្របច្បាប់ក្នុងប្រទេសជាច្រើន ហើយវាមានផលប៉ះពាល់ត្រឹមតែទៅលើសត្វតែប៉ុណ្ណោះ។ ដូច្នេះ វាជារឿងធម្មតាទេដែលសារធាតុគីមី មានវត្តមានលើផលិតផលនាំចេញទៅកាន់ប្រទេសជប៉ុន ហើយការដែលថ្នាំទាំងនោះមានកំហាប់លើសពីស្តង់ដារជប៉ុន មិនមែនមានន័យថា វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះឡើយ។

លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមប្រចាំនៅប្រទេសជប៉ុនបានប្រាប់ VNExpress ថាគាត់បានជូនដំណឹងដល់អាជ្ញាធរវៀតណាមរួចហើយ ដើម្បីទប់ស្កាត់នូវឧប្បត្តិហេតុស្រដៀងគ្នាបែបនេះ នាពេលអនាគត។

មិនមែនមានតែវៀតណាមនោះទេ ប្រទេសអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតក៏បានបរាជ័យ ក្នុងការបំពេញតាមស្តង់ដាររបស់ប្រទេសជប៉ុនជាច្រើនលើកច្រើនសារផងដែរ ដោយសារជប៉ុនជាទីផ្សារដែលកំណត់កម្រិតស្តង់ដារគុណភាពផលិតផលខ្ពស់ពេក។

សូមជម្រាបផងដែរថា ប្រទេសជប៉ុនគឺជាទីផ្សារនាំចេញធំជាងគេលំដាប់ទីបីរបស់វៀតណាមលើវិស័យកសិកម្ម ព្រៃឈើ និងអាហារសមុទ្រ ដោយរយៈពេល ១០ ខែនៅឆ្នាំនេះ ការនាំចេញមានចំនួន ៧,៤% ស្របពេលការនាំចេញបន្លែ និងផ្លែឈើមានចំនួនដល់ទៅ ១៥០ លានដុល្លារ ឬស្មើរនឹងការកើនឡើង ៦,៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕