ស្ថានីយវិទ្យុអាមេរិក NPR និងស្ថានីយជាសមាជិកមួយចំនួនទៀត បានដាក់ពាក្យប្តឹងទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជុំវិញការកាត់ផ្តាច់ជំនួយមូនិធិលើប្រព័ន្ធផ្សព្វផ្សាយសាធារណ: ដោយនេះត្រូវបានចាត់ទុកថាជាការបំពានយ៉ាងធ្ងន់ធ្ងន់លើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ឧសភា ដោយវិទ្យុសាធារណៈជាតិ (NPR) និងស្ថានីយជាសមាជិកមួយទៀត នៅក្នុងរដ្ឋ Colorado បាននិយាយថា សកម្មភាពរបស់ប្រធានាធិបតីអាមេរិកលោក ត្រាំ គឺបានរំលោភលើឆន្ទៈរបស់សភា និងសិទ្ធិជាមូលដ្ឋានក្រោមវិសោធនកម្មលើកទី១ ចំពោះសេរីភាពនៃការនិយាយ សេរីភាពសារព័ត៌មាន និងសេរីភាពនៃសមាគម។
ពាក្យបណ្តឹងខាងលើ ក៏បាននិយាយទៀតថា ការសម្រេចចិត្តរបស់លោក ត្រាំ បានគំរាមកំហែងដល់ការរស់រានមានជីវិតនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈដែលប្រជាជនអាមេរិករាប់លាននាក់ពឹងផ្អែកលើ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ។
គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១ ខែឧសភា បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ឈប់ការផ្តល់មូលនិធិសហព័ន្ធសម្រាប់ទីភ្នាក់ងារព័ត៌មាន NPR និង PBS ក៏ដូចជាបានស្នើសុំឲ្យមានវិធានការដើម្បីលុបបំបាត់ការផ្តល់មូលនិធិសាធារណៈ ដោយប្រយោលសម្រាប់អង្គការទាំងពីរផងដែរ ក្រោមហេតុផលថាជាការខ្ជះខ្ជាយនិងមិនបានបម្រើផលប្រយោជន៍ដល់សហរដ្ឋអាមរិក៕

