ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានកោតសរសើរដល់ស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ របស់អ្នកឧកញ៉ា ឈុន អូន ចំនួនពីរចំណុច ដែលធ្វើបានកាន់តែប្រសើរខ្លាំងជាងមុន។

លោកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពសកម្មភាពចូលចាក់ប្រេងឥន្ធនៈនៅស្ថានីយតេលាខ្មែរ ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “ស្រលាញ់ខ្មែរ គាំទ្រក្រុមហ៊ុនខ្មែរ តេលាឥលូវ Update សាហាវ បន្ទប់ទឹកស្អាត ចាក់គិតលុយរៀល ចំណូលចូលខ្មែរយើង @topfans”។
សូមជម្រាបថា ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣។ គិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ច្រើនជាង ២០០០ សាខាទូទាំងប្រទេសកម្ពុជា។ ថ្មីៗនេះ តេលាខ្មែរ ក៏កាន់តែធ្វើឱ្យសាធារណជនចាប់អារម្មណ៍ខ្លាំង ចំពោះការបម្រើសេវាកម្មសំពះបែបខ្មែរ និងការប្រកាសផ្គត់ផ្គង់ឧស្ម័ន LPG គ្រប់គ្រាន់ ទោះក្នុងស្ថានភាពវិបត្តិសង្គ្រាមកម្ពុជា-ថៃ និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី៕




