អគារពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ចុះឧទ្ធម្ភាចក្របានតម្លៃ ៧០លានដុល្លារដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលអាចចុះឧទ្ធម្ភាចក្របាននៅលើតំបូរអាគារ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​» ដែលបានសាងសង់ឡើងដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជានេះមានតម្លៃជាង ៧០លានដុល្លារអាមេរិក។ នេះបើតាមលោក  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា គម្រោងសាងសង់អគារទាំងមូលនិងបំពាក់ឧបករណ៍សម្ភារៈមានតម្លៃទឹក​ប្រាក់សរុប៧០,៣៣១,៨១១.១១ ដែលជាការឧបត្ថម្ភ​របស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំង​សប្បុរស​ជននានាស្របតាមការអំពាវនាវជាកុសល​របស់សម្តេច​តេជោនាយករដ្ឋមន្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោម​ពាក្យ​ស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។

លោកថា«អគារតេជោអភិវឌ្ឍន៍»នេះអាច​ផ្តល់​សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ ដែលមាន​​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។ លើសពី​នេះនឹងក្លាយជាមជ្ឈ​មណ្ឌលបណ្តុះបណ្តាល​ដល់និស្សិត​សម្រាប់​ធ្វើការសិក្សានិងស្រាវជ្រាវផ្នែកវេជ្ជ​សាស្ត្រ​តាម​ប្រព័ន្ធឌីជីថលដ៏ទំនើប​ឈានមុខក្នុងប្រទេស។

ថ្លែងក្នុងពិធីសម្ពោធនាព្រឹកថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ៕