កសិករមានការសប្បាយចិត្ត ក្រោយឈ្មួញទិញស្រូវ និងរោងម៉ាស៊ីនក្នុងស្រុក សម្រុកទិញស្រូវពីប្រជាកសិករឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីតម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិច ស្របពេលឈ្មួញក៏ដូចជារោងម៉ាស៊ីនក្នុងស្រុកមួយចំនួនផ្អាកទិញស្រូវ ឬទិញក្នុងតម្លៃទាប ធ្វើឱ្យប្រជាកសិករមានការត្អូញត្អែរ ពិបាកក្នុងការលក់ចេញ។ ប៉ុន្តែ មួយរយៈក្រោយមកនេះ ប្រជាកសិករមានការសប្បាយចិត្តឡើងវិញ ក្រោយឃើញមានឈ្មួញទិញស្រូវ និងរោងម៉ាស៊ីនក្នុងស្រុកសម្រុកទិញស្រូវច្រើន ពីកសិករធ្វើស្រែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី លី ស៊ីណា កសិករធ្វើស្រែក្នុងខេត្តពោធិ៍សាត់ បានឱ្យដឹងថា មួយរយៈមកនេះឈ្មួញទិញស្រូវ ក៏ដូចជារោងម៉ាស៊ីនក្នុងស្រុក ចាប់ផ្តើមទិញស្រូវពីកសិករច្រើនក្នុងតម្លៃ១ ០៩០រៀល ទៅ១២០០រៀល ក្នុងមួយគីឡូក្រាម។អ្នកស្រីបន្តថា ការដែលឈ្មួញក៏ដូចជារោងម៉ាស៊ីនទទួលទិញក្នុងបរិមាណច្រើនឡើងវិញ ធ្វើឱ្យគ្រួសារអ្នកស្រីក៏ដូចជាប្រជាកសិករធ្វើស្រែ មានភាពសប្បាយរីករាយ និងមានកម្លាំងចិត្តបន្ថែមទៀត។

បើតាមឈ្មួញទិញស្រូវខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ម្នាក់ បានឱ្យដឹងថា តម្លៃស្រូវមានការធ្លាក់ថ្លៃបន្តិចបន្តួចមួយរយៈ គឺដោយសារវៀតណាមមិនទទួលទិញ ឬទិញក្នុងតម្លៃមួយមិនច្បាស់លាស់ ធ្វើឱ្យប្រជាកសិកររារែក មិនហ៊ានលក់ចេញ ដែលធ្វើឱ្យឈ្មួញក៏ដូចជារោងម៉ាស៊ីនក្នុងស្រុកមិនសូវហ៊ានទិញចូលច្រើនផងដែរ។លោកបានបន្ត ប៉ុន្តែមួយរយៈក្នុងអំឡុងពេលបិទការបញ្ជាទិញពីវៀតណាម ពោលចាប់ពីថ្ងៃទី០៣កញ្ញាមក រោងម៉ាស៊ីនក្នុងស្រុកក៏ចាប់ផ្តើមទទួលទិញច្រើនឡើងវិញ ក្នុងតម្លៃមួយអាចទទួលយកបានផងដែរ ដោយមួយគីឡូតម្លៃ ១២០០រៀលឡើង ទៅតាមប្រភេទស្រូវ។

លោក បានបន្តទៀតថា ការទទួលទិញពីរោងម៉ាស៊ីនក្នុងស្រុកមួយចំនួននេះ ជាការស្វែងរកដំណោះស្រាយ ក៏ដូចជាការទប់ស្កាត់ពីការធ្លាក់តម្លៃស្រូវជូនប្រជាកសិករ ហើយក៏ធ្វើឱ្យពួកគាត់សប្បាយចិត្តឡើងវិញ។ ក្នុងនោះ លោក អាចលក់ទៅក្នុងរោងម៉ាស៊ីន ប្រមាណ៥០០តោន ក្នុងមួយថ្ងៃផងដែរ។

ជាមួយគ្នានោះ បើតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវ មួយកន្លែងនៅក្នុងខេត្តព្រៃវែង បានឱ្យដឹងផងដែរថា រោងម៉ាស៊ីនក្នុងក្រុងស្រុកមួយចំនួនចាប់ផ្តើមទិញស្រូវក្នុងបរិមាណច្រើនពីប្រជាកសិករឡើងវិញ តួយ៉ាងរោងម៉ាស៊ីនកិនស្រូវរបស់លោកផ្ទាល់ អំឡុងពេលតម្លៃស្រូវធ្លាក់ថ្លៃខ្លាំង លោកទិញតែ១០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់ពីថ្ងៃទី០៨កញ្ញាមក លោកទិញក្នុងបរិមាណ៥០០តោន ក្នុងមួយថ្ងៃ។

លោកបន្តថា ការប្រមូលទិញពីប្រជាកសិករក្នុងបរិមាណ៥០០តោន ក្នុងមួយថ្ងៃនេះ គឺដើម្បីផលិតជាអង្ករនាំចេញក្នុងស្រុក និងនាំចេញទៅក្រៅស្រុក និងសម្រាប់ស្តុកទុកផងដែរ។

គួរឱ្យដឹងផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា នៅក្នុងស្ថានភាពពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១០៩០ ទៅ១ ២៥០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។ ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ គឺបាននិងកំពុងខិតខំប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាស កេងចំណេញលើតម្លៃដែលធ្វើឱ្យបងប្អូនកសិករយល់ច្រឡំនិងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួនផងដែរ៕