កម្ពុជា ប្តេជ្ញាពង្រឹងនីតិវិធីបង្ការទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដើម្បីនាំចេញទៅទីផ្សារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា ប្តេជ្ញាពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។នេះបើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន(USCC) ដឹកនាំដោយ លោកស្រី Reva Price ប្រធានគណៈកម្មការកាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូ USCC និងជម្រាបអំពីព័ត៌មានពាក់ព័ន្ធសំខាន់ៗ រួមមានជាអាទិ៍៖ សាវតានៃការកសាង ក.អ.ក. ព្រមទាំងបេសកកម្ម និងចក្ខុវិស័យ, សក្តានុពលនានារបស់កម្ពុជាក្នុងការជ្រើសរើសជាទីតាំងវិនិយោគ, និង បេសកកម្មគោះទ្វារទាក់ទាញវិនិយោគរបស់ ក.អ.ក. ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក។

បន្ថែមពីនេះ លោកថា កម្ពុជាបាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ជុំវិញកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលរួមមាន ជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ចំនួន២លើក និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ គណៈប្រតិភូ USCC បានសម្តែងក្តីរីករាយ ខណៈ USCCក៏បានកត់សម្គាល់ពីការផ្លាស់ប្តូរមុខមាត់របស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ គណៈប្រតិភូ USCC ក៏បានលើកឡើងពីប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន(Transshipment) ដែលជាហេតុនាំឱ្យដើមកំណើតទំនិញមួយចំនួនមានការកែប្រែ មុននឹងមានការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកផងដែរ។

តាមរយៈជំនួបខាងលើ លោកស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ដោយលោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពី វិធានការសម្រាប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសក្រសួងពាណិជ្ជកម្ម ស្តីពី នីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលទាំងអស់នេះសុទ្ធសឹងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក៕ អត្ថបទ៖ ហ្សាលីន