កម្ពុជាមានចម្ការចេកអំបូងលឿង២៤និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់៣៦សម្រាប់ធ្វើការនាំចេញទៅចិន

សង្គម​ និង​សេដ្ឋកិច្ច

លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្ន ចម្ការចេកអំបូងលឿងមានចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការសម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ ច័ន្ទវាសនា លើកបែបនេះ នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់ចេកស្រស់របស់ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ៉លកាលថ្មីៗនេះ។

ទាក់ទងការដាំដុះចេកអំបូងលឿងនេះដែរ លោក គង់ ច័ន្ទវាសនា បានឱ្យដឹងថា ក្រុមហ៊ុន ខេមបូឌា បាណាណាបានសម្រេចបោះទុនវិនិយោគលើដំណាំចេកនៅកម្ពុជាក្នុងឆ្នាំ២០២០ បានរួមចំណែកក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដែលសព្វថ្ងៃក្រុមហ៊ុនកំពុងប្រមូលផលផ្លែចេកអំបូងលឿង នៅលើផ្ទៃដី ៥០០ហិកតា និងកំពុងដាំនៅលើផ្ទៃដីចំនួន ២០០ហិកតាបន្ថែមទៀត ដោយរំពឹងថា នឹងទទួលផល នៅឆ្នាំ២០២៦។
លោកបន្តទៀតថា ខេមបូឌា បាណាណា បច្ចុប្បន្នកំពុងផ្គត់ផ្គង់ផ្លែចេកស្រស់នៅតាមផ្សារទំនើបនៅកម្ពុជា និងវេចខ្ចប់នាំចេញទៅប្រទេសចិនដោយបាននាំចេញចំនួន២ម៉ឺនតោនក្នុងឆ្នាំ២០២៤ និងគ្រោងបង្កើនដល់៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ។

បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម, បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងចំនួន ២១ពាន់ហិកតា និងផ្ទៃដីប្រមូលផលចំនួន ១៥ពាន់ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម ២៥តោនក្នុងមួយហិកតា។

ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ២៦ម៉ឺនតោន ក្នុងនោះ ២៥ម៉ឺនតោន ស្មើនឹង៩៥% ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែល៥%ផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ តួលេខនេះបង្ហាញថា ប្រទេសចិនគឺជាគោលដៅ និងទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា៕