(ភ្នំពេញ)៖ ស្របពេលដែលសក្តានុពលនៃវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែកើនឡើងជារៀងរាល់ឆ្នាំ និងទាក់ទាញវិនិយោគិនបរទេសច្រើនឡើងៗ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាដៃគូសហការក្នុងវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ ២០២៥ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ចិនលើគ្រប់វិស័យ។

ពិធីបើកវេទិកាដ៏ធំប្រចាំឆ្នាំនេះ បានប្រព្រឹត្តិឡើងដោយមានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

អ្នកឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជំរុញការសហការវិនិយោគរវាងសហគ្រិនកម្ពុជា និងសហគ្រិនចិន ជាពិសេសលើការនាំចេញផលិតផលកសិកម្មកែច្នៃទៅកាន់ទីផ្សារប្រទេសចិន ក្នុងឱកាសជាវាគ្មិនកិត្តិយស លើកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគកម្ពុជា-ចិន។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបណ្តាក់ទុនវិនិយោគ ២០០-៣០០ លានដុល្លារ ដើម្បីលើកស្ទួយវិស័យកសិកម្ម ជាពិសេសលើផលដំណាំស្វាយចន្ទី ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី។ មិនតែប៉ុណ្ណោះ ជីប ម៉ុង ផ្តល់នូវការចែករំលែកបទពិសោធន៍ផ្នែកផលិតកម្ម និងទីផ្សារតាមរយៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជំនួយផ្នែកហិរញ្ញប្បទានពីធនាគារ ជីប ម៉ុង ដែលសុទ្ធតែជាពហុពាណិជ្ជកម្មរបស់ក្រុមហ៊ុនមេ ជីប ម៉ុង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង ដែលបង្កើតឡើងដោយសហគ្រិនខ្មែរ តែងតែប្រកាន់យកឆន្ទៈមុតមាំក្នុងការពង្រឹងម៉ាកយីហោក្នុងស្រុក រហូតបង្កើតបានពាណិជ្ជកម្មទាំង ១៤ ដែលជាសមិទ្ធផលជោគជ័យលើវិស័យធំៗនៅកម្ពុជា។ ក្នុងស្មារតីរួបរួមគ្នា ជីប ម៉ុង បានបន្តឧបត្ថម្ភជាហូហែ ទាំងថវិកា ស្បៀងអាហារ ទឹកពិសានិងភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកជាច្រើនតំបន់។ ចាប់តាំងពីប្រទេសមានភាពតានតឹង តាំងពីខែកក្កដា មកទល់ពេលនេះ ជីប ម៉ុង បានឧបត្ថម្ភថវិកាសរុប ៦ លានដុល្លារ អង្កររាប់រយតោន ទឹកពិសានិងភេសជ្ជៈរាប់ម៉ឺនកេស ព្រមទាំងសម្ភារចាំបាច់សម្រាប់កងទ័ព ទៅដល់វីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន និងជនភៀសសឹកតាមតំបន់សុវត្ថិភាពនានា តាមរយៈសម្តេចតេជោ ការចុះចែកជូនផ្ទាល់ដោយថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង សិល្បករ-សិល្បការិនី និងមូលនិធីសប្បុរសធម៌ជាច្រើនទៀត។





