(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦៖ ស្របពេលនៃពិភពលោកកំពុងបោះជំហានយ៉ាងលឿន ទៅកាន់យុគសម័យបច្ចេកវិទ្យា ក្រុមហ៊ុន សាមសុង ក៏កំពុងតែពង្រឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសមត្ថភាពឌីជីថល។ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាង ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រុមហ៊ុន សាមសុង បានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ STEM និង AI សម្រាប់សាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូ ត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ។

ក្រោមការដឹកនាំដោយផ្ទាល់ពីលោកស្រី Merredith Portsman ដែលជាសាស្ត្រាចារ្យស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការអប់រំ និងការផ្សព្វផ្សាយផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យ Tufts (Tufts University Center for Engineering Education and Outreach) និងជាអ្នកជំនាញដែលត្រូវបានទទួលស្គាល់ជាសកលក្នុងផ្នែកនវានុវត្តន៍កម្មវិធីសិក្សា STEM។ វត្តមានរបស់លោកស្រីបាននាំមកនូវជំនាញកម្រិតអន្តរជាតិចូលមកក្នុងប្រព័ន្ធអេកូឡូស៊ីអប់រំរបស់កម្ពុជាដើម្បីពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូតាមរយៈការបណ្តុះបណ្តាលដែលផ្ដោតលើការអនុវត្តផ្ទាល់ស្របតាមបច្ចេកវិទ្យា AI និង STEM នាពេលបច្ចុប្បន្ន។

ក្នុងកម្មវិធីនេះក៏មានការអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាប្រធានកិត្តិយសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក Gregoire Thomas នាយកគ្រប់គ្រងប្រចាំ ក្រុមហ៊ុន សាមសុង អាស៊ីអាគ្នេយ៍ និងលោក គ្រីស គឺម នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា ព្រមទាំងសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងអ្នកអប់រំមកពីគ្រឹះស្ថានសិក្សា ឈានមុខនានាទូទាំងប្រទេសជាច្រើនទៀតផង។

គួរបញ្ជាក់ផងដែលថា ចំណុចស្នូលនៃកម្មវិធីនេះ គឺពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោង “អភិវឌ្ឍសមត្ថភាពអប់រំជំនាញអនាគត (STEM និង AI)” ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឈានមុខទៅក្នុងក្របខ័ណ្ឌនៃការបង្រៀន និងសិក្សា។ បន្ថែមពីនេះ សិក្ខាកាមរួមមាន លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ប្រធានដេប៉ាតឺម៉ង់ និងថ្នាក់ដឹកនាំអប់រំមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), វិទ្យាស្ថានជាតិអប់រំ (NIE), មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ (បាត់ដំបង ភ្នំពេញ និងកំពង់ចាម) ព្រមទាំងសាលារៀនជំនាន់ថ្មី (NGSs) បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះដោយជោគជ័យ។ ជាកិច្ចបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវបានផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់រួមគ្នាដោយក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យ Tufts ដើម្បីជាការវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យអប់រំផ្នែក STEM និង AI នៅកម្ពុជា។

លើសពីនេះ លោក គ្រីស គឹម នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បាន បន្ថែមពីនេះ ផងដែរថា “យើងដឹងហើយថាបច្ចុប្បន្ននេះ បច្ចេកវិទ្យា AI គឺកាន់តែនាំមុខជាលំដាប់ ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ទាំងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក្នុងការស្វែងយល់ និងសម្របខ្លួនទៅនឹងនវានុវត្តន៍ទាំងនេះ។ ក្រុមហ៊ុន សាមសុង នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយក្រសួងអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំ និងធ្វើឱ្យការសិក្សាផ្នែកបច្ចេកវិទ្យាកាន់តែមានភាពទំនើប។ គោលដៅរបស់យើង គឺការផ្ដល់នូវទំនុកចិត្ត និងបំពាក់ជំនាញចាំបាច់នានាដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើនយ៉ាងរឹងមាំក្នុងពិភពឌីជីថល” ។

គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលកម្រិតស្តង់ដារប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាការ វិនិយោគយុទ្ធសាស្ត្រលើធនធានមនុស្សដែលដើរតួជាកាតាលីករក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។ ដោយការបំប្លែងអ្នកអប់រំឱ្យទៅជា “គ្រូបង្គោល” កម្មវិធីនេះបានបង្កើតនូវកម្លាំងចលករដែលមិនចេះ រីងស្ងួតក្នុងការផ្ទេរចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យាទៅកាន់យុវជនជំនាន់ក្រោយនៅទូទាំងប្រទេសកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលំដាប់សកល ក្រុមហ៊ុន សាមសុង នៅតែបន្តពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តក្នុងដំណើរកសាងបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈគំនិតផ្ដួចផ្ដើមប្រកបដោយសក្ដានុពល ដូចជាកម្មវិធីបណ្ដុះបណ្ដាលសម្រាប់សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ ជំនាញ STEM និង AI នេះជាដើម។ ក្រុមហ៊ុន សាមសុង មិនត្រឹមតែគាំទ្រដល់ការ កែទម្រង់វិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកសាងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។


