រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនិងមានចីរភាពនៅកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈ។នេះបើយោងតាមដំណើរពិនិត្យផលិតកម្មនិងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារៀងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាមសំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។ លោកក៏ជំរុញដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាម សំណល់រឹង ឱ្យបានកាន់តែល្អប្រសើរទៀត តាមរយៈចូលរួមសហការល្អ ជាមួយក្រុមហ៊ុនផ្តល់សេវា ជាមួយសមាគមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឱ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏ជម្រាប់អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាននិងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស (King Grass) ដើម្បីធ្វើជាជីវម៉ាស់ (Biomass) ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយផងដែរ។

សូមជម្រាបដែរថា តាមរយៈទស្សនកិច្ចនេះដែរ ក្រសួងបរិស្ថានក៏លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនី ដើរដោយថាពលពន្លឺព្រះអាទិត្យ (Solar) នៅលើដំបូល ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូន ពីរោងចក្រ ក៏ដូចជាការចូលរួមចំណែក ជំរុញថាមពលបៃតងនៅកម្ពុជា។ក្រសួងក៏ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងរោងចក្រនានាបន្តរក្សាស្តង់ដារបរិស្ថានខ្ពស់ ជាពិសេសរៀបចំទុកដាក់ សំរាម សំណល់រឹង សំណល់រាវឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងឱ្យមានចីរភាពនៅកម្ពុជាតរៀងទៅ៕ អត្ថបទ៖ហ្សាលីន


