កម្ពុជាត្រៀមខ្លួនសហការរួមគ្នាជាមួយវៀតណាម និងប្រទេសតំបន់មេគង្គអភិវឌ្ឍជាគោលដៅសម្រាប់ការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ អភិវឌ្ឍជាទេសចរណ៍ពហុគោលដៅ (Multi-destination Tourism)។

ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា បំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ កាលពីថ្ងៃទី២៧ ខែសីហា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថាទេសចរណ៍ MICE គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ ពង្រឹងការតភ្ជាប់ធុរកិច្ច ជំរុញការផ្ទេរចំណេះដឹង និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
លោកន្តថា ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន ការច្នៃប្រឌិត (Innovation) និរន្តរភាព (Sustainability) និង ការតភ្ជាប់ (Connectivity) ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងតំបន់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសក្តានុពលនៃការអភិវឌ្ឍទេសចរណ៍ពហុគោលដៅ (Multi-destination Tourism) រវាងកម្ពុជា វៀតណាម និងបណ្តាប្រទេសក្នុងតំបន់មេគង្គ ដោយលើកទឹកចិត្តឱ្យប្រទេសជិតខាងមើលគ្នាទៅវិញទៅមកជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ដែលបំពេញបន្ថែមគ្នា ជាជាងជាគូប្រកួតប្រជែង ជាក់ស្តែងជាឧទាហរណ៍កិច្ចប្រជុំ ឬ សន្និសីទនៅទីក្រុងហូជីមិញ អាចភ្ជាប់ជាមួយដំណើរទស្សនកិច្ចលើកទឹកចិត្តទៅកាន់រាជធានីភ្នំពេញ ឬ ខេត្តសៀមរាប ដើម្បីផ្តល់បទពិសោធន៍ទេសចរណ៍កាន់តែសម្បូរបែបដល់ភ្ញៀវអន្តរជាតិ និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ក្នុងតំបន់ទាំងមូល។
លោកបានបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការអភិវឌ្ឍជាគោលដៅសម្រាប់ការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ ដោយរាជធានីភ្នំពេញកំពុងអភិវឌ្ឍជាគោលដៅសម្រាប់កិច្ចប្រជុំ រដ្ឋាភិបាល និងធុរកិច្ចអន្តរជាតិ ខណៈខេត្តសៀមរាប តំបន់ឆ្នេរ តំបន់ទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ មានសក្តានុពលខ្ពស់សម្រាប់កម្មវិធីលើកទឹកចិត្ត និងដំណើរទស្សនកិច្ចមុន និងក្រោយសន្និសីទ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ ដៃគូទេសចរណ៍ វិស័យឯកជន និងអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំកញ្ចប់ទេសចរណ៍ MICE រួមគ្នា ការអនុវត្តស្តង់ដារទេសចរណ៍បៃតង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ MICE ក្នុងតំបន់កាន់តែមានភាពប្រកួតប្រជែង ភាពធន់ និងរីកចម្រើនរួមគ្នាប្រកបដោយនិរន្តរភាព។


