លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយនឹងផលិតកម្មបារមី ក្រុមហ៊ុនសប្បាយតារា(បារាំង) នៃព្រឹត្តិការណ៍ Rise For Khmer ព្រមទាំងសិល្បករសិល្បការិនីជាច្រើនរូប កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បាននាំយកសម្ភារប្រើប្រាស់ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព ចំនួន ១៨០០គ្រួសារ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ខេត្តសៀមរាប។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅចំពោះមុខជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានថ្លែងដោយអារម្មណ៍ក្តុកក្តួលថា ការបាត់បង់ ការភ័យខ្លាច និងការនិរាស្ត្រ ពុំមែនជារឿងរបស់បងប្អូនតែឯងឡើយ តែវាជាការឈឺចាប់រួមរបស់ប្រជាជនកម្ពុជាទាំង ១៧លាននាក់ និងខ្មែរជុំវិញពិភពលោក។
លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានគួសបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំមានភាពឯកា យើងត្រូវតស៊ូ ពង្រឹងសាមគ្គីភាពកាន់ដៃគ្នា ឈរជាមួយគ្នា ព្រោះយើងជាម្ចាស់ទឹកដីជាកូនចៅបុព្វបុរស ដែលបានកសាងអង្គរដ៏អស្ចារ្យ»។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាភៀសសឹកទាំងអស់ អំពីប្រភពនៃអំណោយដែលកើតចេញពីព្រឹត្តិការណ៍ Rise For Khmer ថាគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ផលិតកម្មបារមី និងក្រុមហ៊ុនសប្បាយតារា (ប្រទេសបារាំង) ដោយមានការឧបត្ថម្ភធំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន ជីប ម៉ុង លែន និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់កម្ពុជាទៅបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។
Rise For Khmer ក៏ជាស្មារតីរួមនៃការងារមនុស្សធម៌ដ៏អស្ចារ្យ ក្នុងការកៀរគរថវិកាជួយដល់ប្រជាជនកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពាន, បាញ់ប្រហារយ៉ាងព្រៃផ្សៃពីកម្លាំងយោធាប្រទេសថៃ។ ព្រឹត្តិការណ៍ Rise For Khmer ក៏ជាការនាំសារដ៏សំខាន់ពីកម្ពុជាទៅប្រាប់ពិភពលោកឱ្យច្បាស់ថា ប្រទេសថៃ គឺជាអ្នកបង្កសង្គ្រាម ជាអ្នកឈ្លានពាន តែប្រទេសថៃតែងបំភ្លៃ និងសម្តែងថា ខ្លួនជាប្រទេសរងគ្រោះដោយគ្មានភាពអៀនខ្មាស។
លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា តាមរយៈភាពជោគជ័យនៃព្រឹត្តិការណ៍ Rise For Khmer នៅទីក្រុងប៉ារីសប្រទេសបារាំង យើងបានទទួលថវិកាសរុបប្រមាណ ៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីនាំយកមករៀបចំកម្មវិធីសប្បុរសធម៌ជូនពុកម៉ែ បងប្អូនជនភៀសសឹក និងវីរកងទ័ពរបស់យើងជាបន្តបន្ទាប់៕







