លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំយកសម្ភារប្រើប្រាស់ និងស្បៀងអាហារ ចែកជូនជនភៀសសឹក ១៨០០គ្រួសារ នៅខេត្តសៀមរាប

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយនឹងផលិតកម្មបារមី ក្រុមហ៊ុនសប្បាយតារា(បារាំង) នៃព្រឹត្តិការណ៍ Rise For Khmer ព្រមទាំងសិល្បករសិល្បការិនីជាច្រើនរូប កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បាននាំយកសម្ភារប្រើប្រាស់ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព ចំនួន ១៨០០គ្រួសារ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅចំពោះមុខជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានថ្លែងដោយអារម្មណ៍ក្តុកក្តួលថា ការបាត់បង់ ការភ័យខ្លាច និងការនិរាស្ត្រ ពុំមែនជារឿងរបស់បងប្អូន​តែឯង​ឡើយ តែវាជាការឈឺចាប់រួមរបស់ប្រជាជនកម្ពុជាទាំង ១៧លាននាក់ និងខ្មែរជុំវិញពិភពលោក។

លោកជំទាវប្រធានសមាគមសិល្បករខ្មែរ បានគួសបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំមានភាពឯកា យើងត្រូវតស៊ូ ពង្រឹងសាមគ្គីភាពកាន់ដៃគ្នា ឈរជាមួយគ្នា ព្រោះយើងជាម្ចាស់ទឹកដីជាកូនចៅបុព្វបុរស ដែលបានកសាងអង្គរ​ដ៏អស្ចារ្យ»។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាភៀសសឹកទាំងអស់ អំពី​ប្រភព​នៃអំណោយដែលកើតចេញពីព្រឹត្តិការណ៍ Rise For Khmer ថាគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលរៀបចំឡើង​ដោយសមាគមសិល្បករខ្មែរ ផលិតកម្មបារមី និងក្រុមហ៊ុនសប្បាយតារា (ប្រទេសបារាំង) ដោយមានការឧបត្ថម្ភធំ​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន ជីប ម៉ុង លែន និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង​ប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់កម្ពុជាទៅបង្ហាញ និងផ្សព្វផ្សាយនៅលើ​ឆាកអន្តរជាតិ។

Rise For Khmer ក៏ជាស្មារតីរួមនៃការងារមនុស្សធម៌ដ៏អស្ចារ្យ ក្នុងការកៀរគរថវិកាជួយដល់ប្រជាជនកម្ពុជា នៅតាម​ព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពាន, បាញ់ប្រហារយ៉ាងព្រៃផ្សៃពីកម្លាំង​យោធា​ប្រទេសថៃ។ ព្រឹត្តិការណ៍ Rise For Khmer ក៏ជាការនាំសារដ៏សំខាន់ពីកម្ពុជាទៅប្រាប់ពិភពលោកឱ្យច្បាស់ថា ប្រទេសថៃ គឺជាអ្នកបង្កសង្គ្រាម ជាអ្នកឈ្លានពាន តែប្រទេសថៃតែងបំភ្លៃ និងសម្តែងថា ខ្លួនជាប្រទេសរងគ្រោះ​ដោយគ្មានភាពអៀនខ្មាស។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា តាមរយៈភាពជោគជ័យនៃព្រឹត្តិការណ៍ Rise For Khmer នៅទីក្រុងប៉ារីស​ប្រទេសបារាំង យើងបានទទួលថវិកាសរុបប្រមាណ ៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីនាំយកមករៀបចំកម្មវិធី​សប្បុរសធម៌​ជូនពុកម៉ែ បងប្អូនជនភៀសសឹក និងវីរកងទ័ពរបស់យើងជាបន្តបន្ទាប់៕