តម្លៃជ្រូករស់សព្វថ្ងៃមិនមានតុល្យភាពនិងថ្លៃសាច់ជ្រូកលក់លើជ្រុញក្នុងទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលចំណីសត្វនៅលើទីផ្សារនៅតែមានថ្លៃខ្ពស់ធ្វើឱ្យកសិករដែលជាអ្នកចិញ្ចឹមសត្វពិបាករកប្រាក់ចំណេញ។ជាក់ស្តែងដូចជាកសិករដែលអ្នកចិញ្ចឹមជ្រូកទាំងខ្នាតតូចនិងខ្នាតធំលក់ជ្រូករស់មិនទាន់បានថ្លៃ ពោលគឺពិបាករកប្រាក់ចំណេញក្រោយពីកាត់ចំណាយ ប៉ុន្តែថ្លៃសាច់ជ្រូកដែលឈ្មួញកាប់លក់នៅជ្រុញក្នុងទីផ្សារគឺមានតម្លៃសម្រាប់អ្នកបរិភោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ស្រ៊ុន ពៅ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ មើលឃើញថាតម្លៃជ្រូករស់ចូលមកដល់ឆ្នំា២០២៣នេះវាមិនជាឡើងថ្លៃអ្វីប៉ុន្មាននោះ(២០០ឬ៣០០រៀល)ទេក្នុងមួយគីឡូក្រាម ប៉ុន្តែវាដូចជាស្រួលលក់បន្តិច មានន័យថាយើងហៅគេ(ឈ្មួញ) គេមកទិញ ខុសពីកាលកន្លងមក គេថាចំាថ្ងៃនេះ ឬថ្ងៃនោះតាមតែចិត្តគេ។

លោកស្រ៊ុនពៅ បញ្ជាក់ថា «ជ្រូករស់លក់នាពេលសព្វថ្ងៃនេះបានថ្លៃពី ៧០០០រៀលទៅ៨០០០រៀល ក្នុងមួយគីឡូក្រាមស៊ឹងតែដូចកាលពីមុន តែវាងាយស្រួលលក់ជាតម្លៃឡើងបានតែ២០០ទៅ៣០០រៀលទេក្នុងមួយគីឡូក្រាម។សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសង្ឃឹមថា ពេលរដូវកាលត្រីសំបូរនៅលើទីផ្សារផុតទៅតម្លៃជ្រូករស់វាអាចនឹងហក់ឡើងបន្តិចទៀត នាពេលដ៏ខ្លីខាងមុខនេះ។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ននេះ ចំណីសម្រេចដាក់លក់នៅលើទីផ្សារមានតម្លៃ ប្រេងឥន្ធន:ថ្លៃ ការដឹកជញ្ជូននៅមានតម្លៃថ្លៃ តែតម្លៃជ្រូករស់លក់មិនបានថ្លៃ។

យោងតាមសន្និសីទសារព័ត៌មានស្តីពីទស្សនៈទានក្នុងវិស័យកសិកម្មនៅកម្ពុជានៅថ្ងៃទី៥ខែមករាឆ្នាំ២០២៣នេះរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ការចិញ្ចឹមសត្វយើងបានផ្តើមចេញពិការចិញ្ចឹមដើម្បីផ្គត់ផ្គង់ជាម្ហូបអាហាក្នុងគ្រួសារ មកជាការចិញ្ចឹមសត្វដើម្បីលក់យកប្រាក់ចំណេញ។ បច្ចុប្បន្នយើងមានកសិដ្ឋានចិញ្ចឹមសត្វកាន់តែច្រើននិងមានទំហំកាន់តែធំ យើងលែប្រើចំណីសត្វដែលផលិតខ្លួនឯង មកជាការផលិតចំណីសត្វជាលក្ខណ:ឧស្សាហកម្មនិងការទិញចំណីសត្វស្រាប់មកប្រើប្រាស់។
ក្រសួងគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលអង្កេតកសិកម្មឆ្នំា២០២០ដល់២០២១គ្រួសារចិញ្ចឹមសត្វសរុបនៅកម្ពុជាប្រមាណ២លាន៣៨ ០០០គ្រួសារ ក្នុងនោះអ្នកចិញ្ចឹមជ្រូកមានចំនួន ១០៨ ០០០គ្រួសារ។

ទាក់ទងនិងការចិញ្ចឹមសត្វនៅក្នុងស្រុកនាពេលបច្ចុប្បន្ននេះផងដែរ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបញ្ជាក់ថា« ដើម្បីដោះស្រាយអតិផរណានៃការចិញ្ចឹមសត្វដែលត្រូវចំណាយថ្លៃដើមខ្ពស់ក្រសួងនឹងលើកទឹកចិត្តប្រជាជនអោយកាត់បន្ថយការចិញ្ចឹមជាលក្ខណ: អាជីវកម្មដើម្បីប្រាក់ចំណេញ មកនៅត្រឹមសន្តិសុខស្បៀងគ្រួសារនិងបង្វែរកម្លំាងពលកម្មក្នុងការចិញ្ចឹមសត្វទៅអនុវិស័យផ្សេងទៀតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាង ហើយស្របគ្នានឹងឧបនិស្ស័យរបស់ប្រជាជននិងសក្តានុពលធនធានដែលពួកគាត់មាន»៕ អត្ថបទ៖ ឧកញ៉ា សារេត